ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកចងក្បិនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំយកអម្រែកទាំងសងខាង គឺរែក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកមនុស្ស នាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនាំអម្រែកទេ ភិក្ខុណានាំទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុពុន សែង ទូល លី កណ្តៀត និងយួរបាន។
[២៨៣] សម័យនោះឯង ពួកភិក្ខុមិនទំពាឈើស្ទន់។ មាត់ក៏មានក្លិនស្អុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យថយកំលាំងភ្នែក១ មាត់មានក្លិនស្អុយ១ សរសៃសម្រាប់នាំរសមិនបរិសុទ្ធ១ ប្រមាត់ និងស្លេស្មរួបរឹតបាយ១ ភិក្ខុនោះឆាន់ចង្ហាន់មិនឆ្ងាញ់១ ម្នាលភិក្ខុទាំងឡាយ
ID: 636799895316989082
ទៅកាន់ទំព័រ៖