ព្រះត្រៃបិដក ភាគ ១០
តាមឆន្ទទេ ភិក្ខុណាលើក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនពុទ្ធវចនៈ តាមសកភាសា
(១) គឺមគធភាសា។
[២៩១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនគម្ពីរលោកាយតៈ
(២) ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។បេ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្លាប់ឃើញថា មានខ្លឹមក្នុងគម្ពីរលោកាយតៈហើយ គួរដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះមិនមែនទេ។ ទ្រង់ត្រាស់សួរទៀតថា ចុះភិក្ខុដែលឃើញថា មានខ្លឹមក្នុងធម្មវិន័យនេះហើយ គួររៀនគម្ពីរលោកាយតៈដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះ មិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនគម្ពីរលោកាយតៈទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។
(១) ក្នុងអដ្ឋកថា ពន្យល់ថា វោហារ (ពាក្យពោល) របស់អ្នកស្រុកមគធ ដែលព្រះសម្មាសម្ពុទ្ធ តែងពោល ឈ្មោះថា សកភាសា។ (២) គម្ពីរតិត្ថីយ ដែលប្រកបដោយហេតុឥតប្រយោជន៍ មានពាក្យថា វត្ថុទាំងពួងជារបស់ដែល (គេលះចោល) វត្ថុទាំងពួង មិនមែនជារបស់ដែល គឺរបស់ថ្មោង ក្អែកស បានជាស ព្រោះហេតុនេះ កុកបានជាខ្មៅ ព្រោះហេតុនេះ ជាដើម ឈ្មោះថា លោកាយតៈ។
ID: 636799898832730170
ទៅកាន់ទំព័រ៖