ព្រះត្រៃបិដក ភាគ ១០
ឮថា មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទទព្វមល្លបុត្ត ដោយសីលវិបត្តិ មិនមានមូល ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសតិវិន័យ ដល់ទព្វមល្លបុត្ត ជាអ្នកបរិបូណ៌ដោយសតិចុះ។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទព្វមល្លបុត្តនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ ទព្វមល្លបុត្ត គប្បីសូមជាគំរប់ពីរដងផង។បេ។ គប្បីសូម ជាគំរប់បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ ជាគំរប់បីដងផង។
ID: 636799786174296477
ទៅកាន់ទំព័រ៖