ព្រះត្រៃបិដក ភាគ ១០
ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងបន្ទប់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥។
[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្មនោះ)។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។
ID: 636799950714797655
ទៅកាន់ទំព័រ៖