ព្រះត្រៃបិដក ភាគ ១០

ពីរោះ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​ ​ទ្រង់​សម្តែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​គួរនា​ដូចជា​មនុស្ស​ ​បើក​វត្ថុ​ដែលគេ​ផ្កាប់​ ​ឲ្យ​ផ្ងា​ឡើង​ ​ឬដូច​ជា​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​លាក់​បិទបាំង​ទុក​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេង​ ​ឬដូច​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​នឹង​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាទី​ពឹង​ទី​រលឹក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់ហើយ​នូវ​ព្រះ​ត្រៃសរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​សូម​ព្រះមានព្រះភាគ​ ​មួយអន្លើដោយ​ព្រះភិក្ខុ​សង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636799955135600510
ទៅកាន់ទំព័រ៖