ព្រះត្រៃបិដក ភាគ ១០
ព្រោះតែខ្ញុំឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ខ្ញុំក៏បាននិយាយនឹងភិក្ខុទាំងឡាយនោះវិញ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង ឯភិក្ខុទាំងឡាយ ពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ ជាគំរប់បីដងផង។
[១៧] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ គគ្គភិក្ខុនោះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលលោកកំពុងឆ្កួត មានចិត្តវិបល្លាសប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ឯភិក្ខុទាំងឡាយ ចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោកឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារថា
ID: 636799787855882658
ទៅកាន់ទំព័រ៖