ព្រះត្រៃបិដក ភាគ ១០
[៣៦៦] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាបុគ្គលមានមិត្តច្រើន មានសម្លាញ់ច្រើន មានវាចាគួរឲ្យអ្នកផងកាន់យក។ ទើបអនាថបិណ្ឌិកគហបតិពិចារណា នូវកិច្ចដែលគួរធ្វើនោះ ក្នុងក្រុងរាជគ្រឹះ រួចហើយក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ លុះដល់ពាក់កណ្តាលផ្លូវ អនាថបិណ្ឌិកគហបតិ បង្គាប់មនុស្សទាំងឡាយថា ម្នាលអ្នកទាំងឡាយ ចូរអ្នករាល់គ្នាធ្វើអារាម សាងវិហារ ផ្តើមធ្វើនូវទាន ឥឡូវនេះ ព្រះពុទ្ធត្រាស់ហើយក្នុងលោក ឯព្រះអង្គនោះសោត ខ្ញុំក៏បាននិមន្តហើយ ព្រះអង្គនឹងទ្រង់ពុទ្ធដំណើរមកតាមផ្លូវនេះ។ គ្រានោះ ពួកមនុស្សដែលអនាថបិណ្ឌិកគហបតិបញ្ជូនទៅនោះ ក៏បានធ្វើអារាម សាងវិហារ និងផ្តើមធ្វើនូវទាន។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ទៅដល់ក្រុងសាវត្ថីហើយ ក៏គយគន់មើល (កន្លែង) ក្នុងក្រុងសាវត្ថីគ្រប់អន្លើ ដោយគិតថា ព្រះមានព្រះភាគ សមនឹងគង់នៅក្នុងទីណាហ្ន៎ ទីណាមិនជិតពេក មិនឆ្ងាយពេក អំពីស្រុក ល្មមទៅ ល្មមមកបាន ល្មមពួកមនុស្សដែលត្រូវការដោយប្រយោជន៍ ងាយនឹងទៅមក ជាទីមិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃជនគួរជាទីធ្វើការសម្ងាត់នៃមនុស្ស និងជាទីគួរដល់វិវេកក្នុងវេលាយប់។
ID: 636799956395712585
ទៅកាន់ទំព័រ៖