ព្រះត្រៃបិដក ភាគ ១០
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈជាគិហិវិក័ដ ដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន។
[៣៧៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ សំដៅត្រង់ទៅកាន់ក្រុងសាវត្ថី។ មានរឿងដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លុះអនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
ID: 636799962653110487
ទៅកាន់ទំព័រ៖