ព្រះត្រៃបិដក ភាគ ១០
ហើយក៏ប្រតិស្ឋានវត្តជេតវ័ន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមកអំពីទិសទាំង៤។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះថា
[៣៨១] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច ពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃ ដ៏ក្លាខ្លាំង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺ ការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ សម្រាប់ជ្រកកោនផង សម្រាប់នៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធជាម្ចាស់ទាំងឡាយ តែងត្រាស់សរសើរថា ជាអគ្គទាន (ទានដ៏ប្រសើរ)។ ព្រោះហេតុនោះឯង បុរស (ស្រ្តី) ជាបណ្ឌិត កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីកសាងវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគប្បីនិមន្តលោក ដែលជាពហុស្សូត គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។
ID: 636799963551611879
ទៅកាន់ទំព័រ៖