ព្រះត្រៃបិដក ភាគ ១០
ភិក្ខុណាចាប់កន្ត្រាក់ទាញចេញ វិនយធរ គប្បីកាត់សម្រេចឲ្យសមគួរ តាមអាបត្តិ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានភិក្ខុប្រគល់សេនាសនៈ (ដល់ភិក្ខុណាមួយ)។
[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរប្រគល់សេនាសនៈឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុងភយាគតិ១ ដឹងច្បាស់នូវសេនាសនៈ ដែលខ្លួនបានប្រគល់ និងមិនទាន់បានប្រគល់១។
[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។
ID: 636799965837112602
ទៅកាន់ទំព័រ៖