ព្រះត្រៃបិដក ភាគ ១០
[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានវស្សារវាង៣ អង្គុយជាមួយគ្នាបាន
(១) ។
[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយលើគ្រែមួយ ក៏បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប
(២) ។
(១) អដ្ឋកថា ថា សំដៅយកភិក្ខុដែលចាស់ជាងគ្នាពីរវស្សា ឬក្មេងជាងគ្នាពីរវស្សា ។ (២) អដ្ឋកថា ថា បើគ្រែ ឬតាំងចំណុះភិក្ខុ៣រូប ទ្រង់អនុញ្ញាតឲ្យអង្គុយតែពីររូប ។
ID: 636799968519936051
ទៅកាន់ទំព័រ៖