ព្រះត្រៃបិដក ភាគ ១០
[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែលព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោមវែងជាង៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមានពណ៌ស ដែលធ្វើពីរោមសត្វ កម្រាលដែលធ្វើពីរោមសត្វជាផ្កាចង្កោម កម្រាលដែលញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសីហៈ និងខ្លាធំជាដើម កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលដែលធ្វើពីសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តម ដែលធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។
ID: 636799969272269082
ទៅកាន់ទំព័រ៖