ព្រះត្រៃបិដក ភាគ ១០

អាវាសិក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​សេនាសនៈ​របស់​សង្ឃ​ ​មិន​មាន​ទេ​ ​(​ព្រោះ​)​ ​យើង​បាន​ប្រគល់ឲ្យ​ភិក្ខុ​មួយ​រូប​អស់ទៅហើយ​។​ ​អាគន្តុក​ភិក្ខុ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​លោក​ហ៊ាន​លះ​សេនាសនៈ​របស់​សង្ឃ​ឬ​។​ ​អាវាសិក​ភិក្ខុ​ឆ្លើយ​ថា​ ​យ៉ាងហ្នឹងហើយ​ ​អាវុសោ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ ​មិនសមបើ​ហ៊ាន​លះ​សេនាសនៈ​ ​ជា​របស់​សង្ឃ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​ ​លះ​សេនាសនៈ​របស់​សង្ឃ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​លះ​សេនាសនៈ​របស់​សង្ឃ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ដែល​មិន​គួរ​លះ​ចេញ៥យ៉ាងនេះ​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636799969841601646
ទៅកាន់ទំព័រ៖