ព្រះត្រៃបិដក ភាគ ១០
សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកគ្រឿងប្រើប្រាស់ ក្នុងទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿងប្រើប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំងចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យនាំយក (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។
[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាននាំយកសេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុកថែរក្សាបាន។
[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺការចំរើនបាន។
ID: 636799975627722593
ទៅកាន់ទំព័រ៖