ព្រះត្រៃបិដក ភាគ ១០
[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង
(១) ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឥតលាងជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើមអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែកជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
(១) បញ្ញត្តិនេះ ចំពោះយកជើងមិនស្អាតជាប្រមាណ សូម្បីជើងដែលបានលាងហើយ តែនៅមិនទាន់ស្អាត ក៏មិនគួរជាន់សេនាសនៈឡើយ។
ID: 636799976537354621
ទៅកាន់ទំព័រ៖