ព្រះត្រៃបិដក ភាគ ១០
និយាយថា ខ្ញុំរមែងធ្វើយ៉ាងនេះ សូម្បីលោកទាំងឡាយ ក៏ធ្វើយ៉ាងនេះដែរ អំពើនេះ សមគួរដល់ខ្ញុំផង អំពើនេះ សមគួរ ដល់លោកទាំងឡាយផង។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ការឲ្យអមូឡ្ហវិន័យ ដែលប្រកបដោយធម៌ មាន៣យ៉ាងប៉ុណ្ណេះឯង។
[២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញា។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា
ID: 636799789627523990
ទៅកាន់ទំព័រ៖