ព្រះត្រៃបិដក ភាគ ១០
ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរសំដែងភត្តដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មានបន្ទះឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។
[៤៣៩] សម័យនោះឯង មិនទាន់មានភិក្ខុជាសេនាសនប្បញ្ញាបកៈ (អ្នកក្រាលសេនាសនៈ) បម្រុងសង្ឃ។បេ។ មិនទាន់មានភិក្ខុជាភណ្ឌាគារិកៈ (អ្នករក្សាឃ្លាំង)។បេ។ មិនទាន់មានភិក្ខុជាចីវរប្បដិគ្គាហកៈ (អ្នកទទួលចីវរទុក)។បេ។ មិនទាន់មានភិក្ខុជាចីវរភាជកៈ (អ្នកចែកចីវរ)។បេ។ មិនទាន់មានភិក្ខុជាយាគុភាជកៈ (អ្នកចែកបបរ)។បេ។
ID: 636799978173818221
ទៅកាន់ទំព័រ៖