ព្រះត្រៃបិដក ភាគ ១០
ទុព្ភាសិត។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អើខ្ញុំត្រូវអាបត្តិទុព្ភាសិតមែន។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុព្ភាសិត។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា ដែលប្រកបដោយធម៌ យ៉ាងនេះឯង។
[២៧] សម័យនោះឯង ភិក្ខុទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ក្នុងកណ្តាលជំនុំសង្ឃ ពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ភិក្ខុទាំងឡាយ មិនអាចញុំាងអធិករណ៍នោះ ឲ្យរម្ងាប់បាន។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយយេភុយ្យសិកា
(១) ។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុដែលមិនលុះនូវឆន្ទាគតិ១ មិនលុះនូវទោសាគតិ១ មិនលុះនូវមោហាគតិ១ មិនលុះនូវភយាគតិ១ ដឹងនូវស្លាកដែលបានចាប់ហើយ និងមិនទាន់បានចាប់១ឲ្យ (ធ្វើ) ជាសលាកគ្គាហាបកៈ (អ្នកចាត់ចែងឲ្យគេចាប់ស្លាក) ម្នាលភិក្ខុទាំងឡាយ ឯសលាកគ្គាហាបកៈនោះ
(១) គឺកំណត់យកពួកខាងធម្មវាទី មានចំនួនច្រើនជាង។
ID: 636799791091317714
ទៅកាន់ទំព័រ៖