ព្រះត្រៃបិដក ភាគ ១០
ល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង ញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យសង្ឃរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកសមថៈ
(១)
[៤៣] ម្នាលភិក្ខុទាំងឡាយ អធិករណ៍នោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ភិក្ខុទាំងអស់ គប្បីប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងខ្ញុំទាំងឡាយ នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ នឹងគប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយតិណវត្ថារកសមថៈ
(១) ប្រែថា ធម៌ជាគ្រឿងរម្ងាប់ ដូចគ្របទុកដោយស្មៅ បានដល់កិរិយា ដែលឲ្យមានសេចក្តីស្រុះស្រួលគ្នា ទាំងពីរខាង គឺមិនជម្រះរកសេចក្តីដើម (ផ្សះផ្សា)។
ID: 636799795152860021
ទៅកាន់ទំព័រ៖