ព្រះត្រៃបិដក ភាគ ១០
ពួកភិក្ខុ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត បានទ្រង់ត្រាស់សំដែងទុកក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំទុកក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកទេក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទេក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះហើយ ដែលតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយអ្វី។ អធិករណ៍នោះ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក
ID: 636799806670098769
ទៅកាន់ទំព័រ៖