ព្រះត្រៃបិដក ភាគ ១០
ចេះចែក រលែកស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសុត្តៈ តាមអនុព្យញ្ជនៈ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ ក្នុងផ្លូវវិន័យ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន១ ជាអ្នកឈ្លាស ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ១ ស្គាល់អធិករណ៍ ស្គាល់ហេតុ ដែលឲ្យកើតអធិករណ៍ ស្គាល់ធម៌សម្រាប់រំលត់អធិករណ៍ ទាំងស្គាល់ផ្លូវ ទៅកាន់ធម៌ សម្រាប់រំលត់អធិករណ៍១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គទាំង១០ប្រការនេះ ដោយឧព្វាហិកាកម្ម។
[៩២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុនោះយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមរួចហើយ ភិក្ខុជាអ្នកឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវសន្មតភិក្ខុឈ្មោះនេះផង
ID: 636799809027333596
ទៅកាន់ទំព័រ៖