ព្រះត្រៃបិដក ភាគ ១០

 ​[​៥​]​ ​សម័យ​នោះ​ ​ព្រះសម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​ ​តាំង​អំពី​កើតមក​បាន៧ឆ្នាំ​ ​ថែមទាំង​គុណជាត​ណាមួយ​ ​ដែល​ ​សាវ័ក​ត្រូវ​ដល់​ ​គុណជាត​នោះ​ ​លោក​ក៏បាន​ដល់​ ​ដោយលំដាប់​សព្វគ្រប់​ហើយ​ ​កិច្ច​អ្វីមួយ​ ​ដែល​លោក​គប្បី​ធ្វើ​តទៅទៀត​ ​ឬ​ការ​សន្សំ​នូវ​កិច្ច​ដែល​ធ្វើរួចហើយ​ ​ក៏​មិន​មានដល់​លោក​។​
 ​[​៦​]​ ​លំដាប់នោះ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ទៅកាន់​ទីស្ងាត់​ ​សម្ងំ​នៅ​ស្ងប់ស្ងៀម​តែម្នាក់ឯង​ ​ហើយ​មានចិត្ត​ត្រិះរិះ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​ ​តាំងពី​កើតមក​បាន៧ឆ្នាំ​ ​គុណជាត​ណា​នីមួយ​ ​ដែល​សាវ័ក​ត្រូវ​ដល់​ ​អាត្មាអញ​ ​ក៏បាន​ដល់​ ​នូវ​គុណជាត​នោះ​ ​ដោយលំដាប់​សព្វគ្រប់​ហើយ​ ​មួយទៀត​ ​កិច្ច​អ្វីមួយ​ ​ដែល​អាត្មាអញ​ ​ត្រូវ​ធ្វើ​តទៅទៀត​ ​ឬ​ការ​សន្សំ​នូវ​កិច្ច​ដែល​ធ្វើរួចហើយ​ ​ក៏​មិន​មានដល់​អាត្មាអញ​ ​(​បើ​ដូច្នោះ​)​ ​គួរ​អាត្មាអញ​ ​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​ដល់​សង្ឃ​ដូចម្តេច​ហ្ន៎​។​ ​គ្រានោះ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​បាន​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ត្រូវ​រៀបចំ​សេនាសនៈ​ផង​ ​ត្រូវ​ចាត់ចែង​ចង្ហាន់​ដល់​សង្ឃ​ផង​ចុះ​។​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636799781175660571
ទៅកាន់ទំព័រ៖