ព្រះត្រៃបិដក ភាគ ១០
ឈ្មោះនេះផង ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ សង្ឃសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ ការសន្មតិ នូវភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មត ដើម្បីឲ្យរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាហើយ ការសន្មតិភិក្ខុ ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចដើម្បីរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។
ID: 636799809309089711
ទៅកាន់ទំព័រ៖