ព្រះត្រៃបិដក ភាគ ១០០
ឯបច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយវិប្បយុត្តប្បច្ច័យ។
[១៦០] ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ (ជាបច្ច័យ) នៃខន្ធ៣… ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ បេយ្យលៈ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ
ID: 637830407786131492
ទៅកាន់ទំព័រ៖