ព្រះត្រៃបិដក ភាគ ១០០
ធម៌ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុ ជាបច្ច័យនៃពួកខន្ធមិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺពួកហេតុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយឧបនិស្ស័យប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល…។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា។បេ។ នៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។
ID: 637830308932955987
ទៅកាន់ទំព័រ៖