ព្រះត្រៃបិដក ភាគ ១០០
ខន្ធ៣ ពឹងផ្អែកនឹងអរូបិក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ រូបិធម៌ក្តី អរូបិធម៌ក្តី ពឹងផ្អែកនឹងរូបិធម៌ផង នឹងអរូបិធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអហេតុកក្ខន្ធ៣ ពឹងផ្អែកនឹងអរូបិក្ខន្ធ១ផង នឹងវត្ថុផង ខន្ធ២… ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបិក្ខន្ធផង នឹងពួកមហាភូតផង មានបដិសន្ធិដែរ។
[២៦៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៤ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយៈ។
ID: 637830469143996135
ទៅកាន់ទំព័រ៖