ព្រះត្រៃបិដក ភាគ ១០០
លោកុត្តរធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណានូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយលោកុត្តរចិត្ត ដោយចេតោបរិយញ្ញាណ ពួកលោកុត្តរក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣០៥] លោកិយធម៌ ជាបច្ច័យនៃលោកិយធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ក្នុងកាលមុន… អំពីឈាន… ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូ ឲ្យជាទីគោរព… ធ្វើនូវវោទានៈ ឲ្យជាទីគោរព ហើយពិចារណា នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកលោកិយក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវលោកិយក្ខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺលោកិយាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637830475366804573
ទៅកាន់ទំព័រ៖