ព្រះត្រៃបិដក ភាគ ១០០
សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកហេតុ ដោយវិប្បយុត្តប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុតកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌មិនមែនជាហេតុ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៣] ធម៌ជាហេតុ ជាបច្ច័យនៃធម៌ជាហេតុ ដោយអត្ថិប្បច្ច័យ គឺអលោភៈ ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។
ID: 637830310859666350
ទៅកាន់ទំព័រ៖