ព្រះត្រៃបិដក ភាគ ១០០

 [៣៩៧] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​សហជាត​ប្ប​ច្ច័​យដែរ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 637830497542855505
ទៅកាន់ទំព័រ៖