ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ មានទាំងបដិសន្ធិផង។ បណ្ឌិតគប្បីធ្វើ ដរាបដល់ពួកអសញ្ញសត្វចុះ។ បុរេជាត (គឺបុគ្គល) នូវចក្ខុ នូវវត្ថុ ថាមិនទៀង… ទោមនស្សកើតឡើង កាលកុសល និងអកុសលរលត់ហើយ អហេតុកវិបាក ក៏កើតឡើង ព្រោះកុសល និងអកុសលនោះជាអារម្មណ៍ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកអហេតុកក្ខន្ធផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអហេតុកក្ខន្ធក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ អហេតុកធម៌ ជាបច្ច័យនៃសហេតុកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ វត្ថុ ជាបច្ច័យនៃពួកសហេតុកក្ខន្ធ ដោយអត្ថិប្បច្ច័យ។
ID: 637830391590986934
ទៅកាន់ទំព័រ៖