ព្រះត្រៃបិដក ភាគ ១០១
ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …ខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃខន្ធ៣ផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឲ្យពិស្តារចុះ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ …នូវវត្ថុ បុគ្គលត្រេកអរ រីករាយ រាគៈ …ប្រារព្ធនូវវត្ថុនោះ ទោមនស្សកើតឡើង វត្ថុជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ដោយអត្ថិប្បច្ច័យ។
ID: 637830570706578634
ទៅកាន់ទំព័រ៖