ព្រះត្រៃបិដក ភាគ ១០២
ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ គឺមានវារៈ៣ ជាអារម្មណាធិបតិដដែល។
[១៧៣] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ វុដ្ឋានៈ មិនមានទេ។ នោចិត្តសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសមុដ្ឋានធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ នៃចិត្តក្រោយៗ។បេ។ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ ការរាប់ទាំង២យ៉ាងក្រៅពីនេះ បណ្ឌិតគប្បីធ្វើ ឲ្យដូចគ្នានឹងសមនន្តរប្បច្ច័យនេះដែរ។ ចិត្តសមុដ្ឋានធម៌ក្តី នោចិត្តសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ ពួកបច្ច័យ បណ្ឌិតគប្បីធ្វើផងចុះ វុដ្ឋានៈ មិនមានទេ។
[១៧៤] ចិត្តសមុដ្ឋានធម៌ ជាបច្ច័យនៃចិត្តសមុដ្ឋានធម៌ ដោយសហជាតប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺដូចគ្នានឹងបច្ចយវារៈដែរ។
ID: 637830682419400052
ទៅកាន់ទំព័រ៖