ព្រះត្រៃបិដក ភាគ ១០៣
ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន … នូវសីល …នូវឧបោសថកម្ម … ក្នុងកាលមុន។បេ។ បុគ្គលចេញអំពីឈាន ធ្វើនូវឈានឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។បេ។ ព្រះនិព្វាន ជាបច្ច័យនៃផល ដោយអធិបតិប្បច្ច័យ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637831175546275090
ទៅកាន់ទំព័រ៖