អព្យាកតធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវអព្យាកតធម៌ មិនមែនជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(ទុកៈនេះ) ប្រហែលគ្នានឹងកាមាវចរនកាមាវចរទុកអព្យាកតៈដែរ។
ប្រស្នាទាំងប៉ុណ្ណេះ ត្រឡប់ទៅកាន់ទីខាងក្រោម និងខាងលើ។
សហជាតវារៈក្តី បញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ រូបាវចរទុកកុសលត្តិកៈ។
អរូបាវចរទុកកុសលត្តិកៈ
[៥៣០] កុសលធម៌ជាអរូបាវចរៈ អាស្រ័យនូវកុសលធម៌ជាអរូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមែនជាអរូបាវចរៈ អាស្រ័យនូវកុសលធម៌មិនមែនជាអរូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣១] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
[៥៣២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។បេ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។