ព្រះត្រៃបិដក ភាគ ១១
ម្នាលភិក្ខុទាំងឡាយ នេះហើយ ជាវត្តរបស់អាវាសិកភិក្ខុទាំងឡាយ តាមបែបបទ ដែលអាវាសិកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។
[៨២] សម័យនោះឯង ពួកគមិកភិក្ខុ (ភិក្ខុអ្នកដំណើរ) មិនរៀបចំទុកដាក់គ្រឿងឈើ
(១) និងគ្រឿងដី
(២) បើកទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ។ គ្រឿងឈើ គ្រឿងដី ក៏វិនាសអស់ទៅ។ ឯសេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើពួកគមិកភិក្ខុ មិនរៀបចំទុកដាក់គ្រឿងឈើ គ្រឿងដី បើកទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅសោះ ឯគ្រឿងឈើ គ្រឿងដី ក៏វិនាសអស់ទៅ សេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា រឿងនោះពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់ពួកគមិកភិក្ខុ តាមបែបបទ ដែលពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។
(១) អដ្ឋកថា ថា គ្រឿងឈើបានដល់គ្រែ និងតាំងជាដើម។ (២) គ្រឿងដីបានដល់ភាជន៍សម្រាប់ជ្រលក់ជាដើម។ ចូរមើលសេចក្តីពិស្តារក្នុងសេនាសនក្ខន្ធកៈ។
ID: 636805680949613424
ទៅកាន់ទំព័រ៖