ព្រះត្រៃបិដក ភាគ ១១
ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើអនុមោទនាក្នុងរោងភត្ត។
[៨៥] លំដាប់នោះ ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរអនុមោទនាក្នុងរោងភត្តបាន។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈ អនុមោទនាក្នុងរោងភត្ត។
[៨៦] សម័យនោះឯង មានសង្ឃភត្តរបស់គណៈជនមួយពួក។ ព្រះសារីបុត្តដ៏មានអាយុជាសង្ឃត្ថេរ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈអនុមោទនាក្នុងរោងភត្ត ហើយក៏ដើរចៀសចេញទៅ ចោលព្រះសារីបុត្តដ៏មានអាយុ ឲ្យគង់នៅតែមួយអង្គ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ (និយាយ) សំណេះសំណាលនឹងមនុស្សទាំងនោះហើយ ក៏បាននិមន្តទៅតែមួយអង្គ ក្នុងកាលជាខាងក្រោយ។ ព្រះមានព្រះភាគ ទ្រង់បានទតទៅឃើញព្រះសារីបុត្តដ៏មានអាយុ កំពុងតែដើរមកតែមួយអង្គ អំពីចម្ងាយ លុះទ្រង់ទតឃើញហើយ ក៏ត្រាស់សួរសេចក្តីនុ៎ះ
ID: 636805682654160919
ទៅកាន់ទំព័រ៖