ព្រះត្រៃបិដក ភាគ ១១
ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរបើស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្តសោះ ឆព្វគ្គិយភិក្ខុទាំងនោះ ដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ ចូលទៅអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះខ្លះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្ត ដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ អង្គុយជ្រៀតបៀតភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ក្នុងរោងភត្តដល់ភិក្ខុទាំងឡាយ តាមទំនង ដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃក្នុងរោងភត្ត។
ID: 636805683350070723
ទៅកាន់ទំព័រ៖