ព្រះត្រៃបិដក ភាគ ១១
ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងព្រះភទ្ទិយៈដ៏មានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលភទ្ទិយៈ បានឮថា អ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ពិតមែនឬ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភទ្ទិយៈ ចុះអ្នកពិចារណាឃើញអំណាចប្រយោជន៍យ៉ាងណា បានជាអ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាស្តេច ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្រៅព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្នុងនគរ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅនគរគេបានចាត់ចែងល្អ ការរក្សាខាងក្នុងជនបទ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅជនបទ គេក៏បានចាត់ចែងល្អ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង ជាមនុស្សដែលគេរក្សាមកយ៉ាងនេះផង គ្រប់គ្រងយ៉ាងនេះផង គង់នៅមានខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី
ID: 636805091679859122
ទៅកាន់ទំព័រ៖