ព្រះត្រៃបិដក ភាគ ១១
ត្រូវយកដៃឆ្វេងវែកសង្ឃាដិ យកដៃស្តាំបង្អោនបាត្រ ហើយទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំសំឡឹងមើលមុខស្រី្តដែលប្រគេនចង្ហាន់ឡើយ ត្រូវសង្កេតពិនិត្យមើលថា គេចង់ប្រគេនសម្ល ឬមិនចង់ប្រគេនទេ បើគេចាប់កាន់វែកក្តី ចាប់កាន់ភាជន៍ក្តី គេចង់ប្រគេន ហើយនិមន្តឲ្យរង់ចាំក្តី ភិក្ខុដឹងដូច្នេះហើយ ត្រូវរង់ចាំ កាលបើគេប្រគេនចង្ហាន់ហើយ ត្រូវយកសង្ឃាដិបិទបាំងបាត្រ ដើរត្រឡប់ចេញមកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ កាលបើត្រឡប់ចេញមកពីស្រុកវិញហើយ ត្រូវច្រកបាត្រក្នុងស្លោក ហើយស្ពាយលើស្មា ហើយប្រមូលចីពរទូល លើក្បាល ហើយពាក់ស្បែកជើងដើរទៅ ម្នាលភិក្ខុទាំងឡាយ អារញ្ញកភិក្ខុ ត្រូវដងទឹកសម្រាប់ឆាន់ទុក ត្រូវដងទឹកសម្រាប់ប្រើប្រាស់ទុក ត្រូវកម្កល់ទុកនូវភ្លើង ត្រូវដម្កល់ទុកនូវឈើពំនួតភ្លើង ត្រូវដម្កល់ទុកនូវឈើច្រត់ ត្រូវរៀននូវផ្កាយនក្ខត្តឫក្សទាំងអស់ ឬដោយឯកទេស គួរជាអ្នកឈ្លាសវៃក្នុងទិស ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាវត្តរបស់អារញ្ញកភិក្ខុទាំងឡាយ តាមទំនងដែលអារញ្ញកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។
ID: 636805687658077127
ទៅកាន់ទំព័រ៖