ព្រះត្រៃបិដក ភាគ ១១

មិន​ត្រូវ​សំដែងធម៌​ ​មិន​ត្រូវ​អុជចង្កៀង​ ​មិន​ត្រូវ​លត់​ចង្កៀង​ ​មិន​ត្រូវ​បើក​បង្អួច​ ​មិន​ត្រូវ​បិទ​បង្អួច​ឡើយ​ ​បើ​ភិក្ខុ​ខ្ចី​ដើរ​ចង្ក្រម​ ​ក្នុង​ទី​ចង្ក្រម​មួយ​ជាមួយនឹង​ភិក្ខុ​ចាស់​ ​ភិក្ខុ​ចាស់​ ​ចង្ក្រម​តាមផ្លូវ​ណា​ ​ភិក្ខុ​ខ្ចី​ត្រូវ​ដើរចៀស​ពី​ផ្លូវ​នោះ​ ​តែ​កុំ​ឲ្យ​ជាយ​សង្ឃាដិ​ប៉ះ​ភិក្ខុ​ចាស់​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ជា​សេនាសន​វត្ត​របស់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ ​ដែល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សេនាសនៈ​។​
 [​៩៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ហាមប្រាម​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ក៏​នៅតែ​មិន​អើពើ​ ​នាំគ្នា​គរ​ឧស​ច្រើន​បង្កាត់ភ្លើង​ ​ហើយ​បិទទ្វារ​ ​អង្គុយ​នៅត្រង់​ទ្វារ​។​ ​ជួនជា​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ត្រូវ​កំ​ដៅ​បៀតបៀន​ខ្លាំង​ណាស់​ ​ហើយ​រក​ទ្វារ​ចេញ​មក​មិនបាន​ ​ក៏​ជ្រប់​ដួល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ហាមឃាត់​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ក៏​នៅតែ​មិន​អើពើ​ ​នាំគ្នា​គរ​ឧស​ជាច្រើន​ ​បង្កាត់ភ្លើង​ ​ហើយ​បិទទ្វារ​ ​អង្គុយ​នៅត្រង់​ទ្វារ​សោះ​ ​ជួនជា​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ត្រូវ​កំ​ដៅ​ ​ខ្លាំង​ណាស់​ ​ហើយ​រក​ទ្វារ​ចេញ​មក​មិនបាន​ ​ក៏​ជ្រប់​ដួល​ទៅ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636805689362364606
ទៅកាន់ទំព័រ៖