ព្រះត្រៃបិដក ភាគ ១១
ត្រូវលាងស្នូកសម្រាប់ដាក់ដីស្អិត ហើយរៀបចំទុកដាក់តាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចលត់ភ្លើង ហើយបិទទ្វារសឹមចេញមក ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាជន្តាឃរវត្តរបស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងផ្ទះជាទីរក្សាកាយ។
[៩៨] សម័យនោះឯង ភិក្ខុ១រូប ជាតិជាព្រាហ្មណ៍ បន្ទោបង់វច្ចៈហើយ មិនប្រាថ្នាដើម្បីនឹងជម្រះចេញ ដោយគិតថា នរណានឹងហ៊ានប៉ះពាល់នូវរបស់អាក្រក់ មានក្លិនស្អុយនេះ។ ដង្កូវក៏តាំងនៅក្នុងវច្ចមគ្គ របស់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសួរថា ម្នាលលោកដ៏មានអាយុ លោកបន្ទោបង់វច្ចៈ ហើយមិនជម្រះចេញទេដឹង។ ភិក្ខុនោះប្រាប់ថា ម្នាលលោកមានអាយុ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុបន្ទោបង់វច្ចៈ ហើយមិនជម្រះចេញសោះ។ ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកបន្ទោបង់វច្ចៈហើយ មិនជម្រះចេញ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់តិះដៀល ហើយធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា
ID: 636805690326909775
ទៅកាន់ទំព័រ៖