ព្រះត្រៃបិដក ភាគ ១១
[១០០] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅខ្លះ បន្ទោបង់វច្ចៈប្រឹងរមាត់ខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់វច្ចៈខាងក្រៅទវច្ចៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ កិតដោយឈើដ៏គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចខ្លះ ចេញមកដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះធ្វើសំឡេងឮចបុចបុខ្លះ ទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកឆព្វគ្គិយភិក្ខុ នឹងចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅកាន់ខ្លះ ខំប្រឹងរមាត់បន្ទោបង់វច្ចៈខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់វច្ចៈខាងក្រៅទវច្ចៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ
ID: 636805691252822734
ទៅកាន់ទំព័រ៖