ព្រះត្រៃបិដក ភាគ ១១
អាក្រក់ កើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវជួយដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើឧបជ្ឈាយ៍ត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់ ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មូលាយបដិកស្សនៈ គឺទាញមកដាក់ក្នុងមូលាបត្តិ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញឧបជ្ឈាយ៍ មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មានត្ត សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នានឹងធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃមិនគប្បីធ្វើកម្ម ឬគប្បីបន្អោនទៅដើម្បីកម្មស្រាល ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎
ID: 636805694701349979
ទៅកាន់ទំព័រ៖