ព្រះត្រៃបិដក ភាគ ១១
បើដំណក់ទឹកមិនទាន់ដាច់ទេ សទ្ធិវិហារិក មិនត្រូវចៀសចេញទៅឡើយ សទ្ធិវិហារិកមិនទាន់ប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់ភិក្ខុណាមួយ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុណាមួយ មិនត្រូវឲ្យចីវរ ដល់ភិក្ខុណាមួយ មិនត្រូវទទួលចីវររបស់ភិក្ខុណាមួយ មិនត្រូវឲ្យគ្រឿងបរិក្ខារ ដល់ភិក្ខុណាមួយ មិនត្រូវទទួលបរិក្ខាររបស់ភិក្ខុណាមួយ មិនត្រូវកោរសក់ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយកោរសក់ឲ្យ មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើបរិកម្ម (ដល់ខ្លួន) មិនត្រូវធ្វើសេចក្តីខ្វាល់ខ្វាយ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើសេចក្តីខ្វល់ខ្វាយ (ដល់ខ្លួន) មិនត្រូវធ្វើជាបច្ឆាសមណៈរបស់ភិក្ខុណាមួយ មិនត្រូវយកភិក្ខុណាមួយ ជាបច្ឆាសមណៈ (របស់ខ្លួន) មិនត្រូវនាំចង្ហាន់បិណ្ឌបាត ទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យ (ខ្លួន) សទ្ធិវិហារិកមិនបានលាឧបជ្ឈាយ៍ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវទៅកាន់ព្រៃស្មសាន មិនត្រូវចៀសចេញទៅកាន់ទិស បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិក ត្រូវនៅបម្រើអស់កាល ដែលលោកមានជីវិតរស់នៅ ត្រូវរង់ចាំលោកទាល់តែសះជារោគ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជា ឧបជ្ឈាយវត្ត របស់សទ្ធិវិហារិកទាំងឡាយ តាមទំនងដែលសទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយ។
ID: 636805695256911755
ទៅកាន់ទំព័រ៖