ព្រះត្រៃបិដក ភាគ ១១
ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម អន្តេវាសិក ត្រូវបោសប្រទេសនោះចេញ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិក ត្រូវប្រគេនស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយប្រគេន ត្រូវជូតបាត្រដែលទទឹក ហើយសឹមប្រគេន បើអាចារ្យចង់បានភិក្ខុជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំងមណ្ឌលបី គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ឡេវក្ឌុំ លាងបាត្រ ហើយកាន់យកទៅធ្វើជាបច្ឆាសមណៈ នៃអាចារ្យ កុំដើរឆ្ងាយពេក កុំដើរជិតពេក ត្រូវចាំទទួលយកវត្ថុ ដែលគេដាក់ចុះក្នុងបាត្រ កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិក មិនត្រូវនិយាយស្កាត់ពាក្យក្នុងចន្លោះៗឡើយ កាលបើអាចារ្យនិយាយពាក្យ ដែលជិតនឹងត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ កាលនឹងត្រឡប់មក អន្តេវាសិក ត្រូវស្រូតមកមុន ហើយក្រាលអាសនៈចាំ ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង រួចក្រោកទៅ
ID: 636805699063359471
ទៅកាន់ទំព័រ៖