ព្រះត្រៃបិដក ភាគ ១១
ទទួលបាត្រ និងចីវរ ប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើស) អន្តេវាសិក ត្រូវសំដិលក្នុងទីមានកំដៅថ្ងៃមួយស្របក់ តែកុំទុកចីវរក្នុងទីមានកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវលើកជាយ ឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យចីវរបាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមានចង្ហាន់បិណ្ឌបាត ហើយអាចារ្យចង់ឆាន់ អន្តេវាសិក ត្រូវប្រគេនទឹក ហើយបង្អោនបិណ្ឌបាតទៅប្រគេន ត្រូវសួរអាចារ្យដោយទឹកឆាន់ លុះអាចារ្យឆាន់រួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យទង្គិចទង្គុក (នឹងអ្វីៗ) ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹក រួចហាលក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកបាត្រចោលក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អន្តេវាសិក ត្រូវទុកបាត្រ និងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកបាត្រ តែមិនត្រូវទុកបាត្រ ក្នុងទីដែលមិនស្អាតឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ
ID: 636805699385397891
ទៅកាន់ទំព័រ៖