ព្រះត្រៃបិដក ភាគ ១១
អន្តេវាសិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃមានប្រាថ្នាដើម្បីធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់អាចារ្យហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើកម្មដល់អាចារ្យ ឬសង្ឃបង្អោនទៅ ដើម្បីកម្មដ៏ស្រាល ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ មួយវិញទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យរួចហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អាចារ្យគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម សង្ឃគប្បីរម្ងាប់នូវកម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងលាង អន្តេវាសិកត្រូវលាងប្រគេន ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងលាងដោយឧបាយដូចម្តេចហ្ន៎
ID: 636805701444975692
ទៅកាន់ទំព័រ៖