ព្រះត្រៃបិដក ភាគ ១១
មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើវេយ្យាវច្ចៈ ដល់ខ្លួន មិនត្រូវធ្វើជាបច្ឆាសមណៈរបស់ភិក្ខុណាមួយ មិនត្រូវកាន់យកភិក្ខុណាមួយ (ធ្វើជា) បច្ឆាសមណៈរបស់ខ្លួន មិនត្រូវនាំបិណ្ឌបាតទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យខ្លួន អន្តេវាសិកមិនទាន់លាអាចារ្យ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវទៅកាន់ព្រៃស្មសាន មិនត្រូវចៀសទៅកាន់ទិស បើអាចារ្យមានជម្ងឺ អន្តេវាសិកត្រូវថែទាំអស់កាលដែលលោករស់នៅ អន្តេវាសិក ត្រូវរង់ចាំត្រាតែអាចារ្យសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជា អាចារិយវត្ត របស់អន្តេវាសិកទាំងឡាយ តាមទំនងដែលអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ។
[១០៨] សម័យនោះឯង ពួកអាចារ្យពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកអាចារ្យមិនប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយសោះ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះភិក្ខុទាំងឡាយ ក្នុងពេលនោះថា
ID: 636805702127404725
ទៅកាន់ទំព័រ៖