ព្រះត្រៃបិដក ភាគ ១១
បាត្រ និងចីវរ ត្រូវឲ្យស្បង់បន្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើសក្អែល) ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យត្រូវបត់ចីវរ កាលនឹងបត់ចីវរ ត្រូវលើកជាយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើអាហារបិណ្ឌបាតមាន ហើយអន្តេវាសិកត្រូវការចង់ឆាន់ អាចារ្យត្រូវឲ្យទឹក ហើយបង្អោនអាហារបិណ្ឌបាតចូលទៅ អាចារ្យត្រូវសួរអន្តេវាសិកដោយទឹកឆាន់ លុះអន្តេវាសិកឆាន់រួចហើយ អាចារ្យត្រូវឲ្យទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាបកុំឲ្យទង្គិចទង្គុក ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹកចេញ ហើយហាលថ្ងៃមួយស្របក់ តែមិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យត្រូវទុកបាត្រ និងចីវរ កាលដែលរៀបចំទុកដាក់បាត្រ។បេ។ កាលដែលរៀបចំទុកចីវរ។បេ។ ត្រូវបត់ជាយចីវរខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរចុះ កាលអន្តេវាសិកក្រោកចេញហើយ អាចារ្យត្រូវសារអាសនៈចេញ ត្រូវរៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ
ID: 636805703734616652
ទៅកាន់ទំព័រ៖