ព្រះត្រៃបិដក ភាគ ១១
បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើអន្តេវាសិកត្រូវការដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើអន្តេវាសិកត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ បើអន្តេវាសិកចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ អាចារ្យត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ត្រូវកាន់យកតាំងសម្រាប់ផ្ទះជាទីរក្សាកាយហើយទៅ ឲ្យតាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចហើយទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិត បើអាចារ្យអាច (នឹងចូលទៅបាន) ត្រូវចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវយកដីស្អិតលាបមុខ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុខ្ចីដោយអាសនៈ អាចារ្យត្រូវធ្វើបរិកម្ម ដល់អន្តេវាសិកក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញពីផ្ទះជាទីរក្សាកាយ ត្រូវយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម ដល់អន្តេវាសិកដែរ លុះអាចារ្យងូតទឹករួចហើយ ត្រូវឡើងមកមុន ហើយជូតខ្លួនឲ្យស្ងួតទឹក រួចសឹមស្លៀកស្បង់ ហើយជូតទឹកអំពីខ្លួន
ID: 636805704012162527
ទៅកាន់ទំព័រ៖